លោក Hansi Flickគ្រូបង្វឹក Barcelona បានបង្ហាញការពេញចិត្តទៅលើការលេងរបស់កូនក្រុមខ្លួន ក្រោយពីពួកគេបានបន្តឈ្នះការប្រកួតលើ Osasuna ក្នុងជំនួបក្របខណ្ឌ La Liga។
ការប្រកួតនេះ ជាការប្រកួតសាជាថ្មី រវាងក្រុមទាំង២ បន្ទាប់ពីការប្រកួតលើកមុន កាលពីថ្ងៃទី៨ខែមីនា ត្រូវបានផ្អាកដោយសារ បុគ្គលិកពេទ្យរបស់ក្រមអ្នកមានបុណ្យ លោក Carles Minarro Garcia បានទទួលមរណភាព ។ សម្រាប់ការប្រកាសកាលបរិច្ឆេទការប្រកួតថ្មីនេះដែរ ខាងក្រុម Barcelona មិនមានការពេញចិត្តនោះទេ ដោយពួកគេនឹងត្រូវអវត្តមានកីឡាករសំខាន់២រូបគឺ Raphinha និង Ronald Araujo ដែលជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិរៀងខ្លួនក្នុងពានរង្វាន់ FIFA World Cup ឆ្នាំ ២០២៦ តំបន់អាមេរិកខាងត្បូង CONMEBOL។ យ៉ាងណា ចុងក្រោយ ពួកគេបានសម្រេច ទទួលយកការប្រកាសពីសំណាក់ ស្ថាប័ន La Liga។
ទោះអវត្តមានកីឡាករមួយចំនួនតែ Barcelona នៅតែធ្វើបានល្អ ដោយនាំមុខ២គ្រាប់តាំងពីវគ្គទី១ ដោយ Ferran Torres នៅនាទី ១១ និង Dani Olmo នៅនាទី២១។ នៅក្នុងវគ្គទី២ Barcelona ក៏រកបាន១គ្រាប់ទៀត ដោយ Robert Lewandowski រកបាននៅនាទី៧៧ ។ សម្រាប់ក្រុម Osasuna វិញ មិនមានឱកាសស៊ុតគ្រាប់បាល់នោះទេ។ លទ្ធផល Barcelona ៣ Osasuna ០ ក៏រក្សាដល់ចប់ការប្រកួត។
អវត្តមានកីឡាករសំខាន់តែក្រុមនៅតែទទួលបានលទ្ធផលល្អបែបនេះ ធ្វើអោយលោក Hansi Flick មានភាពរីករាយនឹងកោតសរសើរការលេងកីឡាកររបស់ខ្លួន។
លោក Hansi Flick បានអោយដឹងដូច្នេះ “ ខ្ញុំគិតថាថ្ងៃនេះយើងធ្វើបានល្អបំផុតអំពីស្ថានភាពដែលយើងមាន ដូច្នេះហើយ ខ្ញុំបាននិយាយហើយថា វាមិនមែនជាកាលបរិច្ឆេទត្រឹមត្រូវសម្រាប់ការលេងការប្រកួតនេះ តែយើងនៅតែធ្វើបានល្អ និងមានបីពិន្ទុបន្ថែមទៀត។”
ទោះយ៉ាងណា ក្រៅពីការទទួលបានជ័យជំនះនេះ លោក Hansi Flick ក៏នៅតែមានការសោកស្តាយ ដោយកីឡាករសំខាន់មួយរូបគឺ Dani Olmo បានរងរបួស ហើយលោកសង្ឃឹមថា របួសនោះនឹងមិនធ្ងន់ធ្ងរ សម្រាប់ការប្រកួតសំខាន់ UEFA Champions League ទល់នឹង Borussia Dortmund នាខែមេសាខាងមុខនេះ។
ដោយឡែក សម្រាប់ជ័យជំនះនេះបានធ្វើអោយ Barcelona នៅតែឈរកំពូលតារាង La Liga ដដែល ដោយមាន ៦៣ពិន្ទុ ពីលើក្រុមលេខ២ Real Madrid ។ រីឯក្រុម Osasuna នៅលេខ៤ មាន៣៣ពិន្ទុ៕
អ្នកអាចចែករំលែកដោយ៖