ក្រុមកីឡាករប្រេស៊ីល បង្ហាញការពេញចិត្តចំពោះគ្រូបង្វឹកថ្មីលោក Carlo Ancelotti

Goalkhmer.com
Carlo Ancelotti

ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានបង្ហាញពីការពេញចិត្តចំពោះគ្រូបង្វឹកថ្មីរបស់ពួកគេ គឺលោក Carlo Ancelotti ក្រោយពីបានឆ្លងកាត់ការហ្វឹកហាត់ជាលើកដំបូងជាមួយគ្នារួចមក។

បុរសវ័យ ៦៥ឆ្នាំ បានមកបំពេញកៅអីគ្រូបង្វឹករបស់ក្រុមប្រេស៊ីលដែលទំនេរ តាំងពីខែមីនា ក្រោយពីលោក Dorival Junior ត្រូវបានបណ្តេញពីតំណែង ពេលប្រេស៊ីល ប្រកួតចាញ់គូប្រជែងក្រុមជម្រើសជាតិអាហ្សង់ទីន លទ្ធផល ៤-១។ នៅពេលបង្ហាញខ្លួនជាគ្រូបង្វឹកជម្រើសជាតិប្រេស៊ីលផ្លូវការ បុរសសញ្ជាតិអ៊ីតាលី បានទាំងប្តេជ្ញាដឹកនាំក្រុមម្ចាស់ពាន World Cup ៥សម័យ ប្រេស៊ីល អោយក្លាយជាក្រុមជើងឯកពិភពលោកសាជាថ្មីឡើងវិញ។

ថ្មីៗនេះលោក Carlo Ancelotti ទើបតែបានប្រមូលផ្តុំកីឡាករហ្វឹកហាត់ជាលើកដំបូង ហើយក្រោយពីការហ្វឹកហាត់នោះ ក្រុមកីឡាករប្រេស៊ីលបានបង្ហាញពី ភាពរីករាយ និង ការពេញចិត្តចំពោះអ្វីដែលពួកគេទទួលបានពីគ្រូបង្វឹកថ្មី។

ជាក់ស្តែង ខ្សែការពារ Marquinhos មកពីក្លិប PSG បានបញ្ចេញទស្សនៈអំពីលោក Carlo Ancelotti យ៉ាងដូច្នេះថា “ បំណងប្រាថ្នានិងមហិច្ឆតាគឺល្អបំផុត។ គ្រូបង្វឹកដែលយើងមាននៅទីនេះបានបង្ហាញយើងនូវភាពខ្លាំងរបស់គាត់ អ្វីដែលគាត់អាចធ្វើបានសម្រាប់បាល់ទាត់ និងភាពឆ្លាតវៃរបស់គាត់។ ខ្ញុំបានឃើញសក្ដានុពលអាចផ្លាស់ប្តូររួចហើយ យើងអាចបង្កើតថាមពលបានយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា នេះជាអ្វីដែលនឹងកើតឡើងបន្ថែមទៀតនៅក្នុងក្រុមប្រេស៊ីល។”

អតីតគ្រូបង្វឹក Real Madrid នឹងបង្ហាញខ្លួនដឹកនាំក្រុមជម្រើសជាតិលើកដំបូងក្នុងអាជីព នៅពេលក្រុមប្រេស៊ីល មានភារកិច្ចត្រូវប្រកួតប្រជែងវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦ តំបន់អាមេរិកខាងត្បូង ទល់នឹងក្រុមអេក្វាទ័រ និងក្រុមប៉ារ៉ាហ្កាយ ក្នុងខែមិថុនានេះ។

ក្រុមជម្រើសជាតិប្រេស៊ីល ដាក់គោលដៅធំ គឺការប្រជែងដណ្តើមពានរង្វាន់ពិភពលោក FIFA World Cup លើកទី៦ ឆ្នាំ២០២៦ អោយបាន បន្ទាប់ពីនាំយកលោក Ancelotti មកដឹកនាំ។

បច្ចុប្បន្ន ប្រេស៊ីលឈរនៅលេខ៤ ក្នុងតារាងវគ្គជម្រុះតំបន់អាមេរិកខាងត្បូង CONMEBOL ខណៈ ក្រុមចាប់ពីលេខ ១-៦ នឹងឈ្នះកៅអីស្វ័យប្រវត្តិ ទៅកាន់ការប្រកួត FIFA World Cup ឆ្នាំ២០២៦។

កាលពី២ឆ្នាំមុន ក្រុមជម្រើសជាតិប្រេស៊ីល បានជាប់គាំងទៅលើប្រព័ន្ធលេង ពេលពួកគេធ្លាក់ចេញពីការប្រកួត FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ដោយធ្លាក់ចេញពីវគ្គ ៨ក្រុម ចាញ់ក្រោមថ្វីជើងក្រូអាត ក្នុងវគ្គទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ។

ប្រេស៊ីលចាញ់ការប្រកួត៥លើក ចំណោម ១៤ប្រកួតចុងក្រោយ ហើយការចាញ់នោះរបូតគ្រាប់បាល់ ដល់ទៅ ១៦គ្រាប់៕

Last News