កូនប្រុសច្បងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានកោះហៅជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ យុវជនអាយុក្រោម១៥ឆ្នាំ។
យុវជន Cristiano Ronaldo Jr ដែលមានអាយុ១៤ឆ្នាំ លេងក្នុងតំណែងខ្សែប្រយុទ្ធដូចឪពុក ត្រូវបានកោះហៅចូលក្រុម U15 ព័រទុយហ្គាល់ ត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍អន្តរជាតិ Vlatko Marković ដែលជាការប្រកួតពានរង្វាន់បាល់ទាត់យុវជន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែឧសភា ។
ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាឪពុកបានអបអរសាទរកូនប្រុសលើការបង្ហោះ Story Instagram ដោយបង្ហាញឈ្មោះកូនប្រុសក្នុងបញ្ជីក្រុម U15 ព័រទុយហ្គាល់ និងភ្ជាប់ជាមួយសំណេរថា មោទនភាពកូនប្រុស។
Cristiano Ronaldo Jr នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃក្រុមយុវជន U15 ព័រទុយហ្គាល់ ដែលនឹងត្រូវជួបជាមួយជប៉ុន ក្រិក និងអង់គ្លេស ព្រមទាំងការប្រកួតផ្សេងទៀត នៅព្រឹត្តិការណ៍ធ្វើឡើងនៅប្រទេសក្រូអាត។ Ronaldo Jr បច្ចុប្បន្នកំពុងលេងក្នុងឈុតយុវជនរបស់ក្លិប Al-Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាក្លិបឪពុករបស់គេបានផ្លាស់មកចូលរួម កាលពីខែធ្នូ ឆ្នាំ២០២២៕