កីឡាករគោលដៅរបស់ Everton សម្រេចបន្តកិច្ចសន្យាថ្មីជាមួយ Fulham

Goalkhmer.com
Fulham

ខ្សែការពារស្តាំ Kenny Tete បានសម្រេចចុះកិច្ចសន្យាថ្មីដើម្បីរក្សារូបគេលេងជាមួយក្លិប Fulham ដល់ឆ្នាំ ២០២៨ ដែលនាំអោយបញ្ចប់ការរំពឹងទុកអំពីការផ្ទេរទៅកាន់ក្លិប Everton ។

កីឡាករវ័យ ២៩ ឆ្នាំបានផុតកុងត្រានៅកីឡដ្ឋាន Craven Cottage ហើយត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ Everton ប៉ុន្តែរូបគេបានចុះកិច្ចសន្យារយៈពេល៣ឆ្នាំបន្ថែមទៀត ជាមួយ Fulham ដែលជាក្លិបរូបគេបានចូលរួមនៅឆ្នាំ ២០២០។

ជុំវិញការបន្តកិច្ចសន្យាថ្មីនេះ សាមីកីឡាករ Kenny Tete បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ដែលបានចុះហត្ថលេខាបន្ថែមជាមួយ Fulham ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចផ្តល់អោយអ្នកគាំទ្របន្ថែមទៀតក្នុងរយៈពេល៣ឆ្នាំនេះ។”

ការចុះហត្ថលេខាតែមួយគត់របស់ Everton នៅរដូវក្តៅនេះគឺជាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍សម្រាប់ខ្សែបម្រើ Carlos Alcaraz បន្ទាប់ពីចប់លក្ខខណ្ឌខ្ចីជើងពីក្រុមប្រេស៊ីល Flamengo ។

ដំបូង Everton មានទំនុកចិត្តថាការចរចាកំពុងឈានឆ្ពោះទៅរកការបញ្ចប់ដោយជោគជ័យលើកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំ សម្រាប់ការនាំយក Kenny Tete មកចូលរួម។

គ្រូបង្វឹក Everton លោក David Moyes បានផ្តល់អាទិភាពខ្ពស់ទៅកាន់ Kenny Tete បន្ទាប់ពីខ្សែការពារ Ashley Young វ័យ ៣៩ ឆ្នាំមិនត្រូវបានផ្តល់កិច្ចសន្យាថ្មីទេ ប៉ុន្តែការបន្តកិច្ចសន្យាថ្មីធ្វើអោយ Everton ត្រូវជួបភាពខកចិត្ត។

ឥឡូវនេះលោក David Moyes ត្រូវបង្ខំចិត្តអោយងាកទៅរកជម្រើសផ្សេង ដែលរួមមានខ្សែការពារ Kyle Walker-Peters ដែលចប់កិច្ចសន្យាជាមួយ Southampton និងអតីតខ្សែការពារស្តាំរបស់លោកនៅ West Ham នោះគឺ Vladimir Coufal ។

ទោះចង់បានកីឡាករថ្មី តែលោក David Moyes នៅចង់ប្រើប្រាស់កីឡាករមានក្នុងក្រុមស្រាប់ដូចជា Jake O’Brien ដែលត្រូវបានចុះហត្ថលេខាពី Lyon ខណៈដែលខ្សែការពារស្កុតឡែន Nathan Patterson ក៏ស្ថិតក្នុងគម្រោងរបស់លោកផងដែរ៕

Last News