ការលក់អាវកីឡារបស់ក្លិប Paris St Germain ត្រូវបានរាយការណ៍ថា បានមានការកើនឡើងជាគំហុកក្រោយពីក្លិបបារាំងមួយនេះបានឈ្នះជើងឯកពានរង្វាន់ UEFA Champions League រួចមក។
ជាការពិត Paris St Germain បានក្លាយជាជើងឯកពានរង្វាន់កំពូលអឺរ៉ុបរដូវកាល ២០២៤-២៥ បន្ទាប់ពីក្រុមវ័យក្មេងដ៏អស្ចារ្យរបស់លោក Luis Enrique បានយកឈ្នះ Inter Milan ក្នុងលទ្ធផលមិននឹកស្មាន ៥-០ នៅជំនួបវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនាកីឡដ្ឋាន Allianz Arena ទីក្រុង Munich ប្រទេសអាល្លឺម៉ង់។
នេះជាការឈ្នះជើងឯក UEFA Champions League លើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Paris Saint Germain ហើយចំពោះសមិទ្ធផលនេះដែរ បានធ្វើអោយកេរ្ត៍ឈ្មោះរបស់ក្លិបកាន់តែទទួលបានការពេញចិត្តពីសំណាក់អ្នកគាំទ្រ។
បែបនេះហើយ បានធ្វើអោយអ្នកគាំទ្រ Paris Saint Germain បាននាំគ្នាសម្រុកទិញ ផលិតផលកីឡារបស់ក្លិប ជាពិសេសគឺអាវកីឡារបស់ក្លិបតែម្តង។ តួយ៉ាងការតម្រង់ជួរដ៏វែងរបស់អ្នកគាំាំទ្រដើម្បីចាំទិញផលិតផលរបស់ក្លិប Paris Saint Germain បានកើតឡើងនៅខាងក្រៅហាងផ្លូវការរបស់ក្លិប Paris St Germain នៅលើតំបន់ Champs Elysees។
អ្នកគាំទ្រមានភាពអន្ទះសារ ចង់ទិញទំនិញពីក្លិប Paris St Germain រួមទាំងអាវយឺតពិសេសមួយ ដែល អាវ ផ្លូវការឥឡូវនេះត្រូវបានតុបតែងដោយរូបផ្កាយដែលការរចនារាងដូចជាប៉ម Eiffel Tower ដែលជានិមិត្តរូបនៃជ័យជំនះអឺរ៉ុបរបស់ពួកគេទៅលើក្រុម Inter Milan ។
ដោយឡែក Paris St Germain គឺជាក្រុមទី២មកពីបារាំងដែលឈ្នះពាននេះបន្ទាប់ពី Olympique de Marseille។
សម្រាប់ជ័យជំនះនេះដែរ បានធ្វើអោយលោក Luis Enrique ក្លាយជាគ្រូបង្វឹកទី៥ ដែលដឹកនាំក្រុម២ផ្សេងគ្នាឈ្នះ UEFA Champions League។ បុរសសញ្ជាតិអេស្ប៉ាញធ្លាប់ដឹកនាំ Barcelona ឈ្នះពានអឺរ៉ុបក្នុងឆ្នាំ ២០១៥៕